(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នឹងហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស ហើយហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេសសម្រាប់ រយៈពេល២សប្ដាហ៍ ដោយចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍នេះតទៅ។ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

លោក Muhyiddin Yassin ធ្វើការប្រកាសខាងលើ នាឱកាសថ្លែងទៅកាន់ប្រជាជាតិម៉ាឡេស៊ី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក Muhyiddin បានបញ្ជាក់ដូច្នេះថា៖ « បទបញ្ញត្តិទាំងនេះគឺជាផ្នែកមួយនៃការរឹតត្បិតការធ្វើដំណើរ ដែលអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុង គោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ពលរដ្ឋម៉ាឡេស៊ីនៅក្នុងស្រុកទាំងអស់ ត្រូវបានហាមឃាត់ ធ្វើដំណើរចេញក្រៅប្រទេស ហើយអ្នកពលរដ្ឋដែលត្រឡប់មកពីបរទេសនឹងត្រូវអនុវត្តវិធានការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ខណៈជនបរទេស ក្នុងនោះរួមមានទាំងភ្ញៀវទេសចរ ក៏នឹងត្រូវមិនបានអនុញ្ញាតឱ្យចូលក្នុងប្រទេសម៉ាឡេស៊ីដែរ ក្នុងកំឡុងពេលនេះ។ ចំណែកឯ ពិធីជួបជុំនៅតាមទីសាធារណៈ សកម្មភាពនានានៅក្នុងប្រទេសទាំងមូល មានដូចជាព្រឹត្តិការណ៍សាសនា ជំនួបកីឡា សកម្មភាពវប្បធម៌ និងសង្គម នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

គួរជម្រាបថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នាថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ១២៥នាក់ទៀត ក្នុងនោះមាន ៩៥ករណីមានជាប់ទាក់ទងជាមួយនឹង ពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៉ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។ បើធ្វើការបូកបន្ថែមនឹងករណីថ្មីនេះ តួលេខសរុបនៃអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីបានកើនដល់ ៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់បានជាសះស្បើយ៕