(វ៉ាស៊ីនតោន)៖ ក្រសួងសុខាភិបាលអាមេរិក ដែលជាអង្គភាពឆ្លើយតបដ៏សំខាន់មួយទៅនឹងការរីករាលដាលនៃជំងឺ COVID-19 បានរងការវាយប្រហារ ព័ត៌មានវិទ្យា កាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានពីការវាយប្រហារព័ត៌មានវិទ្យាខាងលើ ត្រូវបានរាយការណ៍មុនគេ ដោយសារព័ត៌មាន Bloomberg។ Bloomberg ផ្អែកលើប្រភពពីមន្ត្រីអាមេរិក បីនាក់ដែលដឹងពីបញ្ហានេះ បានរាយការណ៍ថាការវាយប្រហារព័ត៌មានវិទ្យា ឬ Hack ជាច្រើនលើកបានកើតមានឡើង ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធរបស់ ក្រសួងសុខាភិបាលមានភាពយឺតយ៉ាវ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក NSC ក៏បានបង្ហោះសារច្រានចោលព័ត៌មានដែលថា រដ្ឋាភិបាលអាមេរិក ប្រកាសបិទប្រទេសទាំងមូល ដើម្បីប្រយុទ្ធជាមួយ COVID-19 ផងដែរ។

NSC គូសបញ្ជាក់ក្នុងសារបង្ហោះលើ Twitter ទាំងយប់ដូច្នេះថា៖ « ពាក្យចចាមអារ៉ាមពីការបិទប្រទេសទាំងមូលគឺជារឿងមិនពិត។ គ្មានទេវិធានការ បែបនេះ ហើយមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC នឹងចេញសេចក្ដីណែនាំនានា ពាក់ព័ន្ធនឹង COVID19»។ ប៉ុន្តែភ្លាមៗ NSC មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងសេក្ដីរាយការណ៍របស់ Bloomberg នោះទេ។

មកទល់នឹងថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយ COVID-19 ៦៩នាក់ និងឆ្លងជាង ៣,៧៧៤នាក់៕