(អេស្ប៉ាញ)៖ ប្រធានាធិបតីតំបន់ស្វយ័ត Catalonia នៃប្រទេសអេស្ប៉ាញ លោក Quim Torra បាននិយាយនៅថ្ងៃចន្ទនេះថា លោកត្រូវបានធ្វើតេស្ដរកឃើញ ផ្ទុក COVID-19 និងកំពុងស្ថិតនៅក្រោមការអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ក្រៅពីលោក Quim Torra អនុប្រធានាធិបតីនៃរដ្ឋាភិបាលតំបន់ Catalonia លោក Pere Aragones ក៏បានអះអាងថាលោកបានឆ្លង COVID-19 ផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ។ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ នៅថ្ងៃចន្ទនេះ បានប្រកាសថាខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ជិត១,០០០ករណី បន្ថែមទៀត ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតពេញមួយថ្ងៃអាទិត្យ ម្សិលមិញ ធ្វើឱ្យចំនួនអ្នកសរុបនៅទូទាំងប្រទេសកើនដល់ ៨,៧៤៤នាក់។

បើតាមអាជ្ញាធរសុខាភិបាលអេស្ប៉ាញ ក្នុងរយៈពេលដូចគ្នា ចំនួនអ្នកស្លាប់ក៏បានកើនដល់២៩៧នាក់ ផងដែរ ក្រោយអ្នកជំងឺ៩នាក់បានស្លាប់ ខណៈទីក្រុងម៉ាឌ្រីត រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លង ៤,៦៦៥ករណី៕