(តេអេរ៉ង់)៖ អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ឲ្យដឹងថា មានប្រជាជនអ៊ីរ៉ង់ច្រើនជាង ១០លាននាក់ត្រូវបានគេធ្វើតេស្តរករោគសញ្ញាជំងឺ COVID-19 នៅទូទាំងប្រទេស។ នេះបើយោងតាមទូរទស្សន៍ជាតិអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២០។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកអាលីរ៉ាហ្សា រ៉ាអ៉ីស៊ី (Alireza Raeisi) បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា ការធ្វើរោគវិនិច្ឆ័យខាងលើបានឡើងក្នុងរយៈពេល ០៤ ថ្ងៃចុងក្រោយនេះ ហើយជាលទ្ធផលបានបង្ហាញថាមនុស្សចំនួន ៩០០ នាក់បានឆ្លងជំងឺ COVID-19 ហើយពួកគេទាំងនោះក៏ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ពីគេដើម្បីសម្រាកព្យាបាលជំងឺ។

ទន្ទឹមនឹងនោះ លោក រ៉ាអ៉ីស៊ី បានគូសបញ្ជាក់ទៀតថា៖ «មនុស្សប្រមាណ ៦,៥ លាននាក់បានទទួលការធ្វើតេស្តនៅឯមជ្ឈមណ្ឌលសុខភាពផ្ទាល់។ ចំណែកឯ ៣,៧ លាននាក់ផ្សេងទៀតគឺបានធ្វើតេស្តតាមរយៈប្រព័ន្ធអនឡាញ (online)»

លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលដដែលខាងលើ ក៏បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ទាំងអស់ ឲ្យចុះឈ្មោះក្នុងប្រព័ន្ធអនឡាញរបស់ខ្លួន ដើម្បីធ្វើតេស្តរករោគ COVID-19។ គួរជម្រាបជូនថា រហូតមកទល់នឹងពេលឥឡូវ អ៊ីរ៉ង់បានប្រកាសថា ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសរបស់ខ្លួន បានកើនដល់ ១៤,៩៩១នាក់ និង៨៥៣នាក់ស្លាប់៕