(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនាថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ១២៥នាក់ទៀត ដែលភាគច្រើនមានជាប់ពាក់ព័ន្ធនឹង ពីធីជួបជុំបែបសាសនាដ៏ធំមួយនៅទីក្រុងគូឡាឡាំពួរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១២៥ករណីនោះ ៩៥ករណីមានជាប់ទាក់ទងជាមួយនឹង ពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៉ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។ យោងតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី លោក អាដាម បាបា (Adham Baba) មនុស្សប្រមាណ ៧,០០០នាក់ហើយដែលបានចូលរួមពិធីនោះ គឺបានមកស្វែងរកការពិនិត្យសុខភាព។

គួរជម្រាបថា ពលរដ្ឋម៉ាឡេស៊ីប្រហែល ១៤,៥០០នាក់ និងជនបរទេស ១,៥០០នាក់ បានចូលរួមពិធីជួបជុំខាងលើ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ខណៈពិធីនេះកំពុងតែបង្កជាក្តីព្រួយបារម្ភខ្លាំងមួយ បន្ទាប់ពីករណីឆ្លងដែលបានកើនឡើងពី ១ករណី ដល់ ៥០ករណីក្នុងពេលមិនដល់មួយសប្តាហ៍នៅប៊្រុយណេ គឺភាគច្រើនជាប់ពាក់ព័ន្ធនឹងពិធីជួបជុំនេះ។

ដោយឡែក បើធ្វើការបូកបន្ថែមនឹងករណីថ្មីខាងលើ តួលេខសរុបនៃអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីបានកើនដល់ ៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់បានជាសះស្បើយ ហើយបើគិត ករណី ដែលជាប់ពាក់ព័ន្ធនឹងពិធីជួបជុំសាសនានៅគូឡាឡាំពួនោះ គឺមានប្រហែលលជាង ៣៣០ករណី។ នៅចំពោះមុខស្ថានការណ៍គួរឲ្យបារម្ភនេះ វិហារអ៉ីស្លាមនានានៅក្នុងប្រទេសម៉ាឡេស៊ី ក៏ត្រូវបានណែនាំឲ្យបិទទ្វារ ជាបណ្តោះអាសន្នផងដែរ៕