(បាងកក)៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក រុងរឿង ឃីតផាធិ (Rungrueng Kitphati) នាថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសថៃទើបតែបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣៣នាក់ថ្មីទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៤៧ករណី។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញពីសារព័ត៌មាន Al Jazeera នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

លោក Rungrueng បានបញ្ជាក់ថា ករណីថ្មីៗទាំង ៣៣នោះ ត្រូវបានបែងចែកជាពីរក្រុម ក្នុងនោះមួយក្រុមដែលមាន ១៦ករណី គឺជាក្រុមអ្នកដែលធ្លាប់បានទាក់ទង ជាមួយនឹងករណីឆ្លងពីមុនៗមក ហើយមួយក្រុមទៀតដែលមាន ១៧ករណី គឺជាអ្នកទើបតែបានមកដល់ប្រទេសថៃ ពីប្រទេសផ្សេងៗ ឬមួយក៏ជាជនជាតិថៃដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយជនបរទេស។

គួរជម្រាបថា បូកបន្ថែមពីករណីថ្មីខាងលើ ចំនួនអ្នកដែលបានឆ្លង COVID-19 នៅក្នុងប្រទេសថៃបានកើនដល់ ១៤៧នាក់ ក្នុងនោះម្នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបានជាសះស្បើយ៕