(បាងកក)៖ មេបញ្ជាការនៃអគ្គនាយកដ្ឋានសុខុមាលភាពកងទ័ពថៃ លោកឧត្តមសេនីយ៍ទោ រ៉ាឈីត អរុណរាំងស៊ិ (Rachit Arunrangsi) បានឆ្លង COVID-19 ហើយមនុស្សសរុប ៦០នាក់រួមមានទាំងមន្រ្តីយោធាជាន់ខ្ពស់ មួយចំនួនផងដែរ ដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយលោក ត្រូវបានណែនាំឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីតាមដានសុខភាព។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានថៃ Bangkok Post នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍ថៃលោក ណាត់ថាផុន ស្រ៊ីសាវ៉ាត់ (Nathaphon Srisawat) ដែលជាទីប្រឹក្សាពិសេសនៃកងទ័ពជើងគោកថៃថ្ងៃចន្ទនេះបានឲ្យដឹងថា លោក រ៉ាឈីត អរុណរាំងស៊ិ បានឆ្លងជំងឺ COVID-19 និងកំពុងសម្រាកនៅមន្ទីរពេទ្យ ប្រាមង្ឃុតក្លាវ (Phramongkutklao) ក្នុងទីក្រុងបាងកក។ បើតាមលោក Nathaphon លោក Rachit បានចេញរោគសញ្ញាគ្រុនក្តៅ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានធ្វើតេស្តពិនិត្យរកឃើញថា មានផ្ទុក COVID-19 នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។

គួរជម្រាបថា មនុស្សសរុបចំនួន ៦០នាក់ ក្នុងនោះមួយចំនួនជាមន្រ្តីយោធាជាន់ខ្ពស់ ដែលបានទាក់ទងជិតស្និទ្ធជាមួយលោក Rachit ក្នុងកំឡុងពេល ១៤ថ្ងៃកន្លងទៅ ត្រូវបានណែនាំឲ្យស្ថិតក្នុងផ្ទះដើម្បីតាមដានសុខភាព។ បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅប្រទេសថៃបានកើនលើសពី ១០០ករណី ហើយមួយចំនួនក្នុងចំណោមនោះ បានជាសះស្បើយរួចទៅហើយ៕