(ប៊ែរឡាំង)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់សំណើរាប់ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាល្លឺម៉ង់ ឃ្យូរវ៉ាក់ (CureVac)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដកស្រង់ផ្សាយ ដោយសារព័ត៌មាន Politico នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

សារព័ត៌មានមួយទៀតដែរនៅអាល្លឺម៉ង់គឺ ដាយវែលត៍ (Die Welt) បានចេញផ្សាយដូចខាងលើនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាល្លឺម៉ង់ម្នាក់ឱ្យដឹងថា លោក ដូណាល់ ត្រាំ មានបំណងទិញសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន CureVac មានមូលដ្ឋាននៅក្នុងទីក្រុង ទួប៊ីងជែន (Tübingen) ក្នុងគោលបំណងធានាថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី គឺទុកលក់ឱ្យតែសហរដ្ឋអាមេរិកតែមួយគត់។

ចំណែកឯក្រសួងសុខាភិបាលអាល្លឺម៉ង់ក៏បានប្រាប់ Reuters ដែរថា ទីក្រុងវ៉ាស៊ីនតោនពិតជាបានព្យាយាមគ្រប់គ្រងក្រុមហ៊ុន CureVac ប្រាកដមែន ខណៈប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់ជាច្រើនអះអាងថា ទីក្រុងប៊ែរឡាំង កំពុងផ្ដល់ជំនួយហិរញ្ញវត្ថុសំដៅឱ្យក្រុមហ៊ុនមួយនេះ បន្តស្ថិតនៅក្នុងប្រទេសតទៅទៀត។ តែយ៉ាងណាក៏ដោយខាងសហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយនោះទេ។

គួរជម្រាបថា សេចក្ដីរាយការណ៍ព័ត៌មានខាងលើបានកើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក ដានីញែល មែនីសែលឡា (Daniel Menichella) ដែលជានាយកប្រតិបត្តិក្រុមហ៊ុន CureVac បាន ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតឱសថជាច្រើនរូប ដែលត្រូវបានអញ្ជើញមកកាន់សេវិមាន ដើម្បីពិភាក្សាគ្នាពីការផលិតវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណាថ្មីជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence)។ លោក Menichella ធ្លាប់បានប្រាប់មន្ត្រីអាមេរិកពីការផលិតវ៉ាក់សាំង ហើយលោករំពឹងថា វ៉ាក់សាំងសម្រាប់ការពិសោធន៍ អាចនឹងរួចរាល់នៅដើមរដូវក្ដៅ ឬ ចាប់ពីអំឡុងខែមិថុនាតទៅ៕