(ញូយ៉ក)៖ ទីក្រុងញូយ៉ក បានសម្រេចចិត្តបិទសាលារៀន ភោជនីយដ្ឋាន ក្លឹបរាត្រី និងពិធីជួបជុំទាំងអស់ ក្នុងនោះរួមមានរោងភាពយន្ដ ជាវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ដែលបានលុកលុយរដ្ឋចំនួន៤៩ហើយ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ការប្រកាសពីវិធានការខាងលើ ធ្វើឡើងដោយអភិបាលរដ្ឋក្រុងញូយ៉ក លោក Bill de Blasio។ លោក បញ្ជាក់ថា ការសម្រេចចិត្តបែបនេះ គឺដោយសារតែទីក្រុងញូយ៉ក កំពុងប្រឈមមុខនឹងការគំរាមកំហែងមិនធា្លប់មានពីមុនមក ដោយសារ COVID-19។ ព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក ក៏បានពង្រីកវិសាលភាពលើការដាក់ប្រមាម ការធ្វើដំណើរលើប្រជាជនមកពីទ្វីបអឺរ៉ុបផងដែរ ដោយបូកបញ្ចូលបន្ថែមអង់គ្លេស និងអ៊ែរឡង់ ទៅក្នុងបញ្ជីហាមឃាត់របស់ខ្លួន។ លោក de Blasio បន្ថែមថាសាលារៀន នឹងត្រូវបិទទ្វារពីថ្ងៃចន្ទសប្ដាហ៍នេះ រហូតដល់ថ្ងៃទី២០ ខែមេសា រីឯភោជនីយដ្ឋាន ក្លឹបរាត្រី និងហាងកាហ្វេ ក៏នឹងត្រូវបិទទ្វារដែរ ដោយអនុញ្ញាតត្រឹមតែសេវាកម្មដឹកជញ្ជូនអាហារប៉ុណ្ណោះ ខណៈរោងភាពយន្ដទាំងតូច ទាំងធំ និងការជួបប្រគុំតន្ត្រី សុទ្ធតែត្រូវផ្អាកទាំងអស់ជាបណ្ដោះអាសន្ន។

មកទល់នឹងថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយ COVID-19 ៦៩នាក់ និងឆ្លងជាង ៣,៧៧៤នាក់ ហើយទីក្រុងញូយ៉ក ដែលមានប្រជាជនច្រើនជាង ៨លាននាក់ បានរាយការណ៍ពីមនុស្សស្លាប់ ៥នាក់ ហើយភាគច្រើនអ្នកទាំងនេះមានអាយុចន្លោះពី ៥៣ ដល់៨២ឆ្នាំ និងមានជំងឺប្រចាំកាយ៕