(ប៊្រុយណេ)៖ នាថ្ងៃអាទិត្យនេះ ប៊្រុយណេបានសម្រេច ប្រកាសហាមមិនឲ្យពលរដ្ឋខ្លួន និងជនបរទេសដែលរស់នៅក្នុងប្រទេសខ្លួន ចាកចេញទៅក្រៅប្រទេសតទៀតឡើយ បន្ទាប់ពីករណីឆ្លង COVID-19 នៅក្នុងប្រទេសនេះ បានកើនដល់៥០ករណី ក្នុងកំឡុង ពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

ករណីអ្នកឆ្លង COVID-10 នៅប៊្រុយណេ បានកើនដល់៥០ករណី បន្ទាប់ពីក្រសួងសុខាភិបាលប៊្រុយណេ នាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីថ្មីចំនួន១០ទៀត។ ប៊្រុយណេ ទើបតែបានប្រកាសពីករណីអ្នកឆ្លងដំបូង ក្នុងប្រទេសខ្លួន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះប៉ុណ្ណោះ។

គួរជម្រាបថា នៅប្រ៊ុយណេ អ្នកឆ្លង COVID-19 ដំបូងគេ គឺជាបុរសម្នាក់ ដែលបានធ្វើដំណើរត្រឡប់មកពីការចូលរួមពិធីជួបជុំបែប សាសនាដ៏ធំមួយ នៅឯព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមករណី៥០នោះ ភាគ ច្រើនមានជាប់ពាក់ព័ន្ធនឹងពិធីជួបជុំនោះឯង។ សម្រាប់នៅម៉ាឡេស៊ីផ្ទាល់ ក៏មានការកើនឡើងខ្លាំងនៃករណីឆ្លង COVID-19 ដែរ ដោយឥឡូវគឺដល់៤២៨នាក់ហើយ ដែលភាគច្រើនទាក់ទងនឹងពិធីជួបជុំបែបសាសនានោះដូចគ្នា ដែលមានមនុស្សច្រើនជាង ១៦,០០០នាក់ មកពីបណ្តាប្រទេសជាច្រើនចូលរួម៕