(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់បានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន១១៣នាក់ទៀត នៅក្នុងប្រទេសខ្លួនបានស្លាប់។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

ប្រការនេះបានធ្វើឲ្យតួលេខសរុបនៃអ្នកបាត់បង់ជីវិត ដោយសារជំងឺ COVID-19 នៅអ៉ីរ៉ង់ កើនដល់៧២៤នាក់ ហើយករណីអ្នកឆ្លង ក៏បានកើនឡើងដល់ជាង១៣,៩០០នាក់ផងដែរ គិតចាប់តាំងតែពីប្រទេសមជ្ឈិមបូព៌ាមួយនេះ បានប្រកាសពីការរកឃើញករណីអ្នកឆ្លងដំបូង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ។

គួរជម្រាបថា ករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនលើសពី១៥០,០០០នាក់ និងស្លាប់ច្រើនជាង៥,៨០០នាក់ ខណៈអ្នកជំងឺសរុបច្រើនជាង៧០,០០០នាក់បានជាសះស្បើយពីជំងឺ ហើយប្រទេសនិងដែនដីចន្លោះពីជាង១៤០ ទៅ១៥០ មានករណីឆ្លង៕