(គូឡាឡាំពួ)៖ ម៉ាឡេស៊ីនាថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ១៩០នាក់ថែមទៀត ដែលភាគច្រើន ជាអ្នកចូលរួមក្នុងពិធីជួបជុំបែបសាសនា នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ដែលមានអ្នកចូលរួមច្រើនជាង១៦,០០០នាក់ មកពីតាម បណ្តាប្រទេសជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បើបូកបន្ថែមករណីថ្មីទាំងនេះ ចំនួនសរុបនៃអ្នកដែលបានឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់៤២៨នាក់ហើយ ក្នុងនោះ៩នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ខណៈ៤២នាក់បាន ចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។

កាលពីថ្ងៃសុក្រកន្លងទៅ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muyiddin Yassin បាននិយាយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលកំពុងរាតត្បាតជុំវិញពិភពលោក រាល់ការប្រមូលផ្តុំគ្នា រួមមានកិច្ចប្រជុំអន្តរជាតិ ការប្រកួតកីឡា ព្រឹត្តិការណ៍ជួបជុំ លក្ខណៈសង្គម និងសាសនាទ្រង់ទ្រាយធំនៅក្នុងប្រទេសលោក នឹងត្រូវលុបចោល ឬផ្អាករហូតទាល់តែផុតខែមេសា៕