(ហ្សការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា លោកនឹងឲ្យគេធ្វើតេស្តពិនិត្យរក COVID-19 បន្ទាប់ពីរដ្ឋមន្រ្តីម្នាក់នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោកបានឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

លោក Widodo បានសម្រេចធ្វើបែបនេះ បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi ត្រូវបានរកឃើញថា មានផ្ទុក COVID-19 កាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោក Sumadi បានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃពុធកន្លងទៅនេះ ដែលមានលោក Widodo ជាអ្នកដឹកនាំកិច្ចប្រជុំ។ រដ្ឋមន្រ្តីឥណ្ឌូណេស៊ីមួយចំនួនទៀត ក៏បានធ្វើតេស្តរក COVID-19 ដែរ។

គួរជម្រាបថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក នាថ្ងៃអាទិត្យនេះ បានរាយការណ៍ពីករណីឆ្លងថ្មីនៃ COVID-19 ចំនួន២១នាក់ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់១១៧នាក់។ ចំណែកមនុស្ស០៥នាក់ បានស្លាប់ដោយសារតែជំងឺនេះ នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕