(រ៉ូម)៖ តួលេខអ្នកដែលឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនដល់២១,១៥៧នាក់ហើយ បន្ទាប់ពីជិត៣,៥០០ករណីទើប តែត្រូវបានប្រកាសរកឃើញ ហើយចំនួនអ្នកស្លាប់ក៏បានកើនដូចគ្នា គឺដល់១,៤៤១នាក់ ក្រោយមានអ្នកស្លាប់ថ្មី១៧៥នាក់ទៀត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

បច្ចុប្បន្ន អ៊ីតាលីដែលមានប្រជាជនជាង៦០លាននាក់ កំពុងអនុវត្តវិធានការបិទប្រទេសទាំងមូលរហូតដល់ថ្ងៃទី០៣ ខែមេសា ខណៈចំនួនអ្នកស្លាប់និងឆ្លង COVID-19 មិនទាន់មានភាពធូរស្រាលសោះ ដែលជាហេតុធ្វើឱ្យប្រទេសអឺរ៉ុបមួយនេះ បច្ចុប្បន្ន ក្លាយជាប្រទេសកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ ទន្ទឹមគ្នានេះ អង្គការសុខាភាពពិភពលោក បានក៏បានប្រកាសដែរថាអឺរ៉ុប បានក្លាយជាចំណុចកណ្ដាលថ្មីនៃជំងឺរាតត្បាតជាសកល COVID-19។

គួរជម្រាបថា បើតាមអង្គការសុខភាពពិភពលោក ករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនលើសពី១៥២,០០០នាក់ និងស្លាប់ជិត៥,៤០០នាក់៕