(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ កាលពីយប់ថ្ងៃសៅរ៍បាននិយាយថា បើតាមការមើលឃើញរបស់លោក គឺវាមិន ទាន់ចាំបាច់នៅឡើយទេ ក្នុងការប្រកាសដាក់ប្រទេសជប៉ុនទាំងមូលក្នុងគ្រាមានអាសន្ន ហើយជប៉ុននឹងនៅតែបន្តត្រៀមលក្ខណៈ ដើម្បីរៀបចំការប្រារព្ធព្រឹត្តិការណ៍កីឡាអន្តរជាតិអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលគ្រោងប្រព្រឹត្តទៅក្នុងពេលប៉ុន្មានខែខាងមុខ នៅឯ ទីក្រុងតូក្យូ តាមការគ្រោងទុកដដែល បើទោះជាបច្ចុប្បន្នពិភពលោកកំពុងទទួលរងការរាតត្បាតនៃ COVID-19 ក៏ដោយ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Kyodo នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ លោក អាបេ បានលើកឡើងថា មកទល់ពេលនេះ ជប៉ុនបាន ជៀសផុតពីការស្ទុះឡើងខ្លាំងនៃករណីឆ្លង COVID-19 ទោះនៅតំបន់មួយចំនួននៃប្រទេស មានការឆ្លងតៗគ្នាជាលក្ខណៈចង្កោម ក៏ដោយ។ បើតាមលោក អាបេ ស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុន គឺមិនចាំបាច់ត្រូវប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ឡើយ រីឯព្រឹត្តិការណ៍អូឡាំពិក នឹងប្រព្រឹត្តទៅតាមការគ្រោងទុក នៅខែកក្កដាដដែល។

គួរជម្រាបថា នាពេលនេះ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនដល់ជាង១,៤០០នាក់ ក្នុងនោះជិត៧០០នាក់ បាន ឆ្លងនៅលើកប៉ាល់ទេសចរណ៍ Diamond Princess រីឯអ្នកស្លាប់សរុបមាន២៩នាក់ ក្នុងនោះ៧នាក់ មកពីកប៉ាល់ Diamond Princess៕