(ហាណូយ)៖ កំឡុងកិច្ចប្រជុំមួយកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្រ្តីរបស់វៀតណាម លោក Nguyen Xuan Phuc បាននិយាយថា ជនបរទេសនៅក្នុងប្រទេសវៀតណាម ត្រូវចេញលុយផ្ទាល់ខ្លួនបង់ថ្លៃការព្យាបាលជំងឺ COVID-19 ប្រសិនបើពួកគេធ្វើតេស្តទៅ ឃើញថាវិជ្ជមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

យ៉ាងណាមិញ លោក Phuc បានបញ្ជាក់ថា ជនបរទេសនៅវៀតណាម នឹងមិនចាំបាច់ត្រូវបង់ថ្លៃសម្រាប់ការធ្វើតេស្ត COVID-19 ឡើយ ខណៈពលរដ្ឋវៀតណាម គឺនៅតែទទួលការព្យាបាលដោយឥតគិតថ្លៃដដែល។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី វៀតណាម បានជំរុញឲ្យអ្នកនៅតាមកន្លែងមានមនុស្សប្រមូលផ្តុំគ្នាច្រើន ត្រូវពាក់ម៉ាសដើម្បីបង្ការការឆ្លង។

ជាចុងក្រោយ លោក Phuc បានសង្កត់ធ្ងន់ថា វៀតណាមមានសមត្ថភាព និងធនធានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ហើយដើម្បីសុខភាពប្រជាពលរដ្ឋវៀតណាម លោកសុខចិត្តធ្វើការពលីនូវផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លី។ បច្ចុប្បន្ននេះ ករណីឆ្លង COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនដល់៥៣ករណី។ កន្លងមក វៀតណាមបានព្យាបាលអ្នកជំងឺ COVID-19 ១៦នាក់ដំបូងរបស់ខ្លួន ជាសះស្បើយទាំងអស់ ខណៈការឆ្លងថ្មី ចំនួន៣៧ករណីទើបតែត្រូវបានរកឃើញ ក្នុងកំឡុងមួយសប្តាហ៍ ចុងក្រោយនេះប៉ុណ្ណោះ៕