(កងបេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កត ម៉ូរីសុន (Scott Morrison) នាថ្ងៃអាទិត្យនេះ បានប្រកាសថា រាល់អ្នកដំណើរនានា សូម្បីតែពលរដ្ឋអូស្រ្តាលីផ្ទាល់ ឲ្យតែចូលមកដល់ក្នុងប្រទេសអូស្រ្តាលី ចាំបាច់ត្រូវអនុវត្តវិធានការនៅដាច់ពីគេឯង នៅក្នុងកន្លែង ស្នាក់នៅរៀងៗខ្លួនរបស់ពួកគេ សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

ជាមួយគ្នានេះ កប៉ាល់ទេសចរណ៍ទាំងឡាយ ក៏ត្រូវហាមមិនឲ្យចូលចតនៅប្រទេសអូស្រ្តាលីសម្រាប់រយៈពេល៣០ថ្ងៃផងដែរ។ ចំណាត់ការទាំងនេះ ត្រូវបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកដំបូងមួយ រវាងថ្នាក់ដឹកនាំរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋក៏ដូចជា ដែនដីរបស់ប្រទេសអូស្រ្តាលី ស្តីពីការពង្រឹងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។

គួរជម្រាបថា លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានណែនាំឲ្យប្រជាជនប្រកាន់យកទម្លាប់កុំសូវនៅកៀកគ្នាខ្លាំងពេក គឺនៅគម្លាត យ៉ាងតិច១.៥ម៉ែត្រពីគ្នា ហើយកុំចាប់ដៃជាបណ្តោះអាសន្ន។ កន្លងទៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលអូស្រ្តាលីក៏បានណែនាំមិនឲ្យ មានការជួបជុំ មនុស្សច្រើនជាង៥០០នាក់ថែមទៀតផង។

គួរជម្រាបថា បើតាមអាជ្ញាធរអូស្រ្តាលី ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអូស្រ្តាលី បានកើនដល់២៤៩នាក់ (ព័ត៌មានខ្លះចុះ ផ្សាយថាលើសពី២៥០នាក់) ហើយមាន៣នាក់បានបាត់បង់ជីវិត៕