(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃអាទិត្យនេះ បានប្រកាសពីករណីឆ្លងថ្មីនៃ COVID-19 តែ៧៦នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសរបស់ខ្លួន ខណៈវាគឺជាលើកដំបូងបំផុត ដែលអត្រាអ្នកឆ្លងថ្មីស្ថិតនៅក្រោមចំនួន១០០ ចាប់តាំងតែពី COVID-19 បានចាប់ផ្តើមរីករាលខ្លាំង នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

អត្រាអ្នកឆ្លងថ្មីនៃ COVID-19 នៅកូរ៉េខាងត្បូង បានចាប់ផ្តើមបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ដោយកាលពីថ្ងៃសៅរ៍មានការរាយការណ៍១០៧ករណី, ថ្ងៃសុក្រមាន១១០ករណី និងថ្ងៃព្រហស្បតិ៍១១៤ករណី គឺបានថយចុះមក រហូត។

យ៉ាងណាមិញ បូកនឹងចំនួនអ្នកឆ្លងថ្មីខាងលើ តួលេខអ្នកដែលបានឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនដល់ ៨,១៦២នាក់ ហើយអ្នកស្លាប់មាន៧៥នាក់ និងជាសះស្បើយ៨៣៤នាក់។ ជំងឺ COVID-19 បានចាប់ផ្តើមស្ទុះរីករាលដាលខ្លាំង នៅកូរ៉េខាងត្បូង តាំងតែពីថ្ងៃទី១៩ ខែកុម្ភៈ៕