(អាហ្រ្វិក)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋនៅប្រទេសម៉ារ៉ុក ទើបតែរាយការណ៍ថា រដ្ឋមន្រ្តីដឹកជញ្ជូនម៉ារុក លោក អាប់ដេលកាដឺ អាម៉ារ៉ា (Abdelkader Amara) ស្ថិតក្នុងចំណោមអ្នកឆ្លង COVID-19 ដែលបានកើនដល់១៨នាក់ នៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Alarabiya នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជួនម៉ារ៉ុក លោក Amara ទើបតែត្រឡប់មកពីបំពេញភារកិច្ច នៅតាមប្រទេសក្នុង ទ្វីបអឺរ៉ុប ដែលបច្ចុប្បន្នកំពុងមានការឆ្លងរាលដាលខ្លាំងនៃ COVID-19។ នៅពេលត្រឡប់មកដល់ម៉ារ៉ុកវិញ កាលពីប៉ុន្មានថ្ងៃមុន លោកបានចាប់ផ្តើមមិនស្រួលខ្លួន ហើយក៏ទៅធ្វើតេស្តពិនិត្យរកមើល COVID-19 ខណៈលទ្ធផលដែលចេញមកគឺវិជ្ជមាន។

គួរជម្រាបថា លោក Amara គឺជាមន្រ្តីរដ្ឋាភិបាលដំបូងគេរបស់ម៉ារ៉ុក ដែលបានឆ្លង COVID-19 និងជាករណីទី១៨នៃអ្នកឆ្លងនៅក្នុង ប្រទេសនេះ បន្ទាប់ពីម៉ារ៉ុកបានប្រកាសរកឃើញករណីដំបូងកាលពីថ្ងៃទី០២ ខែមីនា។ ទោះជាបែបនេះក្តី លោកមិនបានបង្ហាញ រោគសញ្ញាធ្ងន់ធ្ងរអ្វីឡើយ និងនៅតែអាចបន្តការងារបានដដែល ប៉ុន្តែលោកត្រូវស្នាក់ក្នុងផ្ទះរយៈពេល១៤ថ្ងៃ៕