(វ៉ាស៊ីនតោន)៖ សេតវិមានទើបតែបានបញ្ជាក់ថា លទ្ធផលធ្វើតេស្តរក COVID-19 លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមកហើយគឺ «អវិជ្ជមាន»។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

បើតាមសេចក្តីថ្លែងការណ៍របស់វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley លោក ដូណាល់ ត្រាំ បានសម្រេចចិត្តឲ្យគេធ្វើ តេស្តពិនិត្យរកមើល COVID-19 ហើយនាពេលនេះលទ្ធផលបង្ហាញថា រូបលោកពុំមានផ្ទុកវាឡើយ។ ក្តីព្រួយបារម្ភថា លោក ត្រាំ អាចឆ្លង COVID-19 បានកើតមានឡើង បន្ទាប់ពីបុគ្គលមួយចំនួនដែលធ្លាប់ជួប និងធ្វើប្រាស្រ័យទាក់ទងស្និទ្ធស្នាលជាមួយលោក នៅឯរីសត Mar-a-Lago កាលពីសប្តាហ៍មុន ក្នុងនោះរួមមានទាំងមន្រ្តីប្រេស៊ីលមួយរូបផងដែរ ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុក COVID-19។

គួរជម្រាបថា បើតាម លោក Sean Conley ដដែល លោក ដូណាល់ ត្រាំ មកទល់ពេលនេះ នៅតែពុំមានរោគសញ្ញាសង្ស័យអ្វីនោះ ឡើយ៕