(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសអនុវត្តវិធានការបិទប្រទេសមួយផ្នែក ជាផ្នែកមួយនៃការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល ១៥ថ្ងៃ ដើម្បី បង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

ជាមួយប្រកាសអនុវត្តវិធានការបិទប្រទេសមួយផ្នែក និងចូលជាធរមានភ្លាមៗ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត អំពាវនាវឱ្យប្រជាជនជាង ៤៧លាននាក់ឱ្យស្ថិតនៅ ក្នុងផ្ទះមួយរយៈ លើកលែងតែពេល ត្រូវទិញម្ហូម ឬចំណីអាហារ ឬក៏ថ្នាំ ព្រមទាំងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងបញ្ហាចាំបាច់មួយចំនួន ដែលត្រូវបាន អនុញ្ញាត។

បើតាមអាជ្ញាធរសុខាភិបាលអេស្ប៉ាញ អ្នកស្លាប់ដោយសារ COVID-19 ក៏ហក់ឡើងដល់១៩៣នាក់ផងដែរ ដែលធ្វើអេស្ប៉ាញក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីអ៉ីតាលីផងដែរ៕