(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៧ករណីបន្ថែមទៀត ក្នុងនោះរួមមានទាំងមនុស្ស៤នាក់ ក្នុង សមាជិកគ្រួសារតែមួយ និងតារាដ៏ល្បីម្នាក់គឺលោក Matthew Dean ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈថៃ លោក Suhum Kanchanapimai បានគូសបញ្ជាក់ដូច្នេះថា៖« បច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ចំនួន៨២ករណី នៅក្នុងប្រទេសថៃ ក្នុងនោះមាន៣៥នាក់ជាសះស្បើយ, ៤៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្នាក់ បានស្លាប់»

លោក Suhum បន្ថែមទៀតថា រាល់បុគ្គលិកដែលបានធ្វើការក្នុងជាន់តែមួយជាមួយ លោក Dean ត្រូវបានស្នើឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ហើយ អគារស្ថានីយ៍ទូរទស្សន៍ដែលតារារូបនេះធ្វើការ ត្រូវបានលាងសម្អាតសម្លាប់មេរោគ៕