(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលអេស្ប៉ាញ កំពុងត្រៀមខ្លួនប្រកាសអនុវត្តវិធានការបិទប្រទេសទាំងមូល ជាផ្នែកមួយនៃការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល ១៥ថ្ងៃ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បើតាមសារព័ត៌មានអេស្ប៉ាញ El Mundo រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត អាចនឹងប្រកាសអនុវត្តវិធានការបិទប្រទេសទាំងមូល ហើយប្រាប់ឱ្យប្រជាជនជាង ៤៦លាននាក់ ឱ្យស្ថិតនៅក្នុងផ្ទះមួយ រយៈ លើកលែងតែពេលត្រូវទិញម្ហូម ឬចំណីអាហារ ឬក៏ថ្នាំ ព្រមទាំងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងបញ្ហាចាំបាច់មួយចំនួន ដែលត្រូវបាន អនុញ្ញាត។ សារព័ត៌មានមួយនេះ ផ្អែកលើប្រភពដែលខ្លួនទទួលបាឱ្យដឹងទៀតថា គណៈរដ្ឋមន្ត្រីអេស្ប៉ាញ កំពុងធ្វើការសម្រេចចិត្ត ហើយសន្និសីទសារព័ត៌មាន មួយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅម៉ោង ៣រសៀល ថ្ងៃសៅរ៍នេះ (ម៉ោងនៅអេស្ប៉ាញ)។

គួរជម្រាបថា អាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ១,៥០០ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ប៉ុណ្ណោះ ស្របពេល អ្នកស្លាប់ហក់ឡើងដល់១៣៦នាក់។ បើតាមអាជ្ញាធរអេស្ប៉ាញ ពេញមួយថ្ងៃសុក្រម្សិលមិញ មនុស្ស១,៥០០នាក់ បានឆ្លង COVID-19 ដោយធ្វើឱ្យ ចំនួនអ្នកឆ្លងសរុបកើនដល់ ៥,៧៥៣នាក់ ហើយចំនួននេះក៏បានធ្វើ ឱ្យអេស្ប៉ាញ ក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីអ៉ីតាលីផងដែរ៕