(ហូជីមិញ)៖ អាជ្ញាធរសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 មួយករណីបន្ថែមទៀតនៅភាគខាងត្បូងទីក្រុងហូជីមិញ ដែលនាំឲ្យចំនួនសរុបនៃអ្នកកើតជំងឺរាតត្បាតសកលនេះកើនឡើងដល់ ៤៨ករណីនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី ១៤ ខែមីនា ឆ្នាំ ២០២០។

ករណីចុងក្រោយនេះ គឺជាបុរសជនជាតិវៀតណាមម្នាក់អាយុ ៣១ឆ្នាំរស់នៅក្នុងទីក្រុងហូជីមិញតែម្តង។ បុរសម្នាក់នេះបានឆ្លងពីស្ត្រីជនជាតិវៀតណាមអាយុ ៥១ម្នាក់ទៀត ដែលជាករណីទី ៣៤ នៃអ្នកឆ្លង COVID-19 ក្នុងប្រទេសអាស៊ានមួយនេះ។ ស្រ្តីដែលជាប្រភពចម្លងទៅកាន់ករណីចុងក្រោយនេះ ធ្លាប់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយបានត្រឡប់មកប្រទេសវៀតណាមវិញ ដោយបានឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង និងប្រទេសកាតាកាលពីថ្ងៃទី០២ ខែមីនា កន្លងទៅនេះ។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លងចំនួន ៤៨ករណី ក្នុងនោះអ្នកជំងឺ ១៦នាក់បានជាសះស្បើយឡើងវិញ។ យ៉ាងណាមិញ គេឃើញមានការឆ្លងថ្មីចំនួន ៣២ករណីបើរាប់ចាប់តាំងពីថ្ងៃទី០៦ ខែមីនា រហូតមកដល់ថ្ងៃសៅរ៍នេះ។ ដោយឡែកសម្រាប់ករណីសង្ស័យវិញមានចំនួន ៩៤ករណីជាមួយនឹង ២៧,១៨០ករណី ត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេឯង បើគិតត្រឹមថ្ងៃសៅរ៍ដដែលនេះ៕