(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ នេះថា ប្រទេសចិននឹងផ្តល់នូវជំនួយគ្រប់យ៉ាង តាមដែលខ្លួនអាចធ្វើទៅបានទៅកាន់ កូរ៉េខាងត្បូង អ៉ីរ៉ង់ និងអ៉ីតាលី នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈប្រទេសទាំងបីនេះត្រូវបានគេមើលឃើញ ជាក្រុមប្រទេសកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ បន្ទាប់ពីប្រទេសចិនបានធូរស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍នេះ។

លោក ស៊ី ជិនពីង បានធ្វើសេចក្តីថ្លែងការណ៍ជារួម ដោយបញ្ជូនសារទាំងនេះ ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន, ប្រធានាធីបតីអ៉ីរ៉ង់លោក ហាស្សាន រួហានី និងប្រធានាធិបតីអ៉ីតាលីលោក សឺជីអូ ម៉ាត់ថារែលឡា (Sergio Mattarella) ខណៈដែលប្រទេសទាំងបីនេះ កំពុងតែស្ថិតនៅក្នុងភាពលំបាកលំបិនជាគេ ដោយមានមនុស្សស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) បាននិងកំពុងកើនឡើងយ៉ាងគំហុក ក្នុងមួយថ្ងៃៗ។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឈ្នះៗរវាងចិន-អ៉ីតាលី, ចិន-កូរ៉េខាងត្បូង និងចិន-អ៉ីរ៉ង់ ដែលវាពិតជាចាំបាច់ខ្លាំងណាស់ នៅក្នុងការរួបរួមគ្នាជាធ្លុងមួយ ដើម្បីឲ្យមនុស្សជាតិអាចតស៊ូប្រយុទ្ធនឹងវិបត្តិសកលនានាបាន ជាពិសេសនោះគឺការរាត្បាតនៃជំងឺ COVID-19 នេះតែម្តង៕

Follow Our: Facebook | YouTube | Telegram