(ហ្សាការតា)៖ សាលារៀនទាំងអស់នៅក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី នឹងត្រូវបិទទ្វារ ហើយសិស្សត្រូវរៀនតាមប្រព័ន្ធអនឡាញ សម្រាប់ រយៈពេល២សប្ដាហ៍ ដោយចាប់ផ្ដើមពីសប្ដាហ៍ក្រោយនេះតទៅ ជាវិធានការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បើតាមអភិបាលរដ្ឋធានីហ្សាការតា លោក Anies Baswedan បច្ចុប្បន្ន ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់៦៩នាក់ហើយ ក្នុងនោះ មនុស្សជាច្រើននាក់ដែលឆ្លងជំងឺនេះ ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានីនេះតែម្ដង ដែលមានប្រជាជន១០លាននាក់រស់នៅ។

គិតត្រឹមថ្ងៃសុក្រម្សិលមិញ អ្នកជំងឺ COVID-19 ៤នាក់បានបាត់បង់ជីវិត ខណៈអ្នកសង្ស័យមានផ្ទុកជំងឺដ៏សាហាវនេះក៏បានកើនដល់២៦១នាក់ផងដែរ៕