(ការ៉ាកាស់)៖ វេណេស៊ុយអេឡា បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ដំបូងចំនួន២ករណី នៅក្នុងប្រទេស ខណៈមានការព្រួយបារមថាប្រទេស ដែលកំពុងញំញីដោយសារវិបត្តិសេដ្ឋកិច្ចមួយនេះ មិនទាន់ត្រៀមខ្លួនឡើយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បើតាមអនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez មនុស្សទាំង២នាក់ ដែលឆ្លង COVID-19 ទើបតែធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ ហើយបច្ចុប្បន្ន ពួកគេកំពុងស្ថិតនៅក្រោមការព្យាបាល ដោយដាក់នៅដាច់ដោយឡែកពីគេ។ លោកស្រី បន្ថែមថាសាលារៀនទាំងអស់ ក៏នឹងត្រូវបិទទ្វារ ជាបណ្ដោះផងដែរចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕