(វ៉ាស៊ីនតោន)៖ សាលារដ្ឋទាំងអស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្នចាប់ពីថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែមីនា ដោយសារតែការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បើតាម CNN ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមីនា សិស្សទាំងអស់នឹងត្រូវរៀនតាមប្រព័ន្ធអនឡាញ។ ការបិទសាលារៀន មិនមែនមាននៅតែរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នោះទេ ពោលគឺ មកទល់នឹងបច្ចុប្បន្ន រដ្ឋចំនួន១៨ របស់សហរដ្ឋអាមេរិកបានអនុវត្តវិធានការដូចគ្នានេះ ដែលភាគច្រើនមានចាប់ពីសាលាមេតេយ្យ ដល់វិទ្យាល័យ ស្របពេលសាលា និងសាកលវិទ្យាល័យខ្លះទៀត បិទទ្វាររហូតដល់ ខែមេសា។

មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រង់ជំងឺឆ្លង CDC បានឱ្យដឹងថា ចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិក បានកើនយ៉ាងគំហុគដល់ ២,២០៤នាក់ ក្នុងនោះ៤៩នាក់ស្លាប់៕