(ម៉ានីល)៖ ការធ្វើតេស្ដរក COVID-19 របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានបង្ហាញ «លទ្ធផលអវិជ្ជមាន» ខណៈអ្នកស្លាប់ដោយជំងឺនេះកើនដល់៦នាក់។ នេះបើតាមជំនួយការផ្ទាល់ម្នាក់របស់លោក ឌូតើតេ គឺលោក Bong Go ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

លោក ឌូតើតេ និងលោក Bong Go បានទទួលការធ្វើតេស្ដរក COVID-19 កាលពីថ្ងៃសុក្រ បន្ទាប់ពីមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រីហ្វីលីពីនមួយចំនួន ធ្លាប់បានទំនាក់ទំនង ជាមួយអ្នកឆ្លងជំងឺនេះ។ ទន្ទឹមគ្នានឹងប្រកាសនេះដែរ ក្រសួងសុខាភិបាលហ្វីលីពីន បានទទួលស្គាល់ថាអ្នកជំងឺ COVID-19 ម្នាក់ទៀតបានស្លាប់នៅថ្ងៃសៅរ៍នេះ ធ្វើឱ្យចំនួន អ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់៦នាក់ និងឆ្លងជាង៦៤ករណី។ ចំណែកឯ អ្នកដែលបានបាត់បង់ជីវិត ភាគច្រើនជាមនុស្សមានវ័យចំណាស់ និងមានជំងឹប្រចាំកាយ៕