(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យគ្រប់គ្នាប្រកាសសង្គ្រាមចំពោះ COVID-19 ដែលវាបានកើតមានឡើងរយៈពេល ០២ថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈវីដេអូ Link លោក Guterres បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែប្រកាសសង្គ្រាមចំពោះវីរុសនេះ។ វាមានន័យថា ប្រទេសនានាមានទំនួលខុសត្រូវក្នុងការបង្កើនសកម្មភាព ជម្រុញល្បឿន និងសម្រុកទៅមុខ ក្នុងការអនុវត្តយុទ្ធសាស្រ្តទប់ស្កាត់វីរុសនេះ ប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រព័ន្ធឆ្លើយតបបន្ទាន់ តាមរយៈការជម្រុញសមត្ថភាពធ្វើតេស្ត និងថែទាំអ្នកជំងឺយ៉ាងសកម្មបំផុត ជាលក្ខណៈត្រៀមទុកជាមុននៅតាមមន្ទីរពេទ្យ និងបង្កើនអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ»

លោក Guterres បានលើកឡើងទៀតថា COVID-19 មិនត្រឹមតែកំពុងបង្កវិបត្តិដល់វិស័យសុខាភិបាលសកលប៉ុណ្ណោះឡើយ ប៉ុន្តែវាថែមទាំងបង្កឲ្យសេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ជាបណ្តើរៗផងដែរ។ តាមក្រុមជំនាញរបស់ UN វិបត្តិនៃវីរុសកូរ៉ូណាថ្មីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចសកលរងការខាតបង់រហូតដល់ ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ ឬក៏អាចលើសនេះទៀត ដូច្នេះសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសនេះ ត្រូវតែបង្កើតឡើង៕