(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press (AP) បានសម្រេចចិត្តបិទការិយាល័យរបស់ខ្លួន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ បន្ទាប់ពីបុគ្គលិសារព័ត៌មានម្នាក់របស់ខ្លួន ដែលបានធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ COVID-19 នោះ បានបង្ហាញរោគសញ្ញានៃជំងឺនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

អ្នកសារព័ត៌មាន AP ម្នាក់ខាងលើត្រូវបានគេរាយការណ៍ថា ជាមនុស្សម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានរាប់រយនាក់ ដែលបានចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ក្នុងទីក្រុង ញូអូលីនស៍ (New Orleans) ជាទីដែលអ្នកចូលរួមម្នាក់ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក COVID-19។

គួរបញ្ជាក់ថា មិត្តរួមការងារម្នាក់ទៀតរបស់អ្នកសារព័ត៌មាន AP ខាងលើនេះ ប្រចាំការិយាល័យក្នុងរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី ក៏បានបង្ហាញរោគសញ្ញាគួរឱ្យសង្ស័យផងដែរ ជាហេតុតម្រូវឱ្យទីភ្នាក់ងារព័ត៌មានអាមេរិក AP ប្រាប់បុគ្គលិករបស់ខ្លួនធ្វើការងារពីផ្ទះ រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ៕