(ញូយ៉ក)៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងលើស ២,២០០ករណីហើយ គិតត្រឹមម៉ោង ៩៖០០នាទីយប់ ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន)។ នេះបើតាមតួលេខពីមជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាម CDC ចំនួនអ្នកឆ្លងបានកើនយ៉ាងគំហុកដល់ ២,២០៤ករណី ក្នុងនោះ អ្នកជំងឺ ៤៩នាក់ស្លាប់។ មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) បានរាយការណ៍ពីដំបូងថា អ្នកឆ្លង ១,៦៧៨នាក់ ត្រឹមម៉ោង ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។ មិនតែប៉ុណ្ណោះរដ្ឋទាំងអស់ របស់សហរដ្ឋអាមេរិក (លើកលែង រដ្ឋអាឡាស្កា និងហាវ៉ៃចេញ) គឺមានតែរដ្ឋវែសត៍វឺជីនៀ (West Virginia) តែមួយគត់មិនទាន់ករណីឆ្លងជំងឺនេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសមហាអំណាចលេខ ១ លើលោកនេះទៅក្នុងគ្រាអាសន្ន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយសារតែការរាតត្បាតនៃជំងឺសកល COVID-19 ខណៈអ្នករិះគន់មួយចំនួនបានលើកឡើងថា វាហាក់ដូចជាយឺតពេលទៅហើយ ព្រោះវីរុសនេះកំពុងតែរាតត្បាតស្ទើរទូទាំងសហរដ្ឋអាមេរិក ហើយលោក ដូណាល់ ត្រាំ ក៏គួរតែទៅធ្វើតេស្តរកវីរុសនេះដែរ៕