(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) នាថ្ងៃសុក្រនេះ បាននិយាយថា ឥឡូវអឺរ៉ុបបានក្លាយជាចំណុចកណ្តាលថ្មីនៃ COVID-19 ដែលត្រូវបានចាត់ទុក ជាជំងឺរាតត្បាតជាសកល ព្រោះនៅតំបន់នេះ មានអ្នកឆ្លងនិងស្លាប់សរុបច្រើនជាងតំបន់ដទៃទៀតនៅជុំវិញពិភពលោក បើមិនរាប់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២០។

លោក Tedros បានប្រកាសបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ WHO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ COVID-19 បានលេចឡើងដំបូងនៅទីក្រុងវូហាន នៃប្រទេសចិន មិនដល់៣ខែមុនឡើយ ឥឡូវវាបានឆ្លងរាលដាលដល់មនុស្ស ច្រើនជាង១៣២,០០០នាក់ នៅតាមប្រទេស និងដែនដីយ៉ាងតិច១២៣ ហើយអ្នកជំងឺប្រមាណជា៥,០០០នាក់បានបាត់បង់ជីវិត។

គួរជម្រាបថា បច្ចុប្បន្នចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសចិន ដែលពីដំបូងឡើយជាចំណុចកណ្តាលនៃការរីករាលដាល COVID-19 គឺមានមិនដល់១០ឡើយក្នុងមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ថ្មីក៏ដូចគ្នា បែរនៅតាមប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប ជាពិសេស អ៉ីតាលី ករណីអ្នកឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក។ អង្គការ WHO បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតជាសកល កាលពីថ្ងៃពុធសប្តាហ៍នេះ៕