(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់នាថ្ងៃសុក្រនេះ បានប្រកាសថា តួលេខអ្នកដែលឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់ បានកើនដល់១១,៣៦៤នាក់ហើយ គិតចាប់តាំងតែពីអ្នកឆ្លងដំបូង ត្រូវបានប្រកាសរកឃើញនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក គីអានូស្ស ចាហានភើ (Kianush Jahanpur) បានបញ្ជាក់ថា ករណីអ្នកឆ្លងថ្មីចំនួន ១,២៨៩នាក់ ដែលទើបតែត្រូវបានរកឃើញ រួមជាមួយករណីអ្នកស្លាប់ថ្មីចំនួន៨៥នាក់ បានធ្វើឲ្យតួលេខអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ កើនដល់១១,៣៦៤នាក់ និងស្លាប់៥១៤នាក់។ ជាមួយគ្នានោះ អ្នកជំងឺសរុប៣,៥២៩នាក់ ក៏បានជាសះស្បើយ ផងដែរ។

គួរជម្រាបថា ជំងឺ COVID-19 បានឆ្លងរាលដាលដល់មន្រ្តីជាន់ខ្ពស់ អ្នកនយោបាយ អ្នកដឹកនាំខាងសាសនា និងសមាជិកកងកម្លាំង IRGC ជាច្រើនរូបនៅក្នុងប្រទេសអ៉ីរ៉ង់៕