(ឡូសអាន់ជែឡេស)៖ ការភ័យខ្លាចពីការឆ្លងជំងឺ COVID-19 បានធ្វើឱ្យយន្ដហោះមួយគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបង្វែរគោលដៅហោះហើរ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលនៅអាមេរិក) បន្ទាប់ពីអ្នកដំណើរមួយក្រុមតូច មានអារម្មណ៍មិនល្អចំពោះអ្នកដំណើរម្នាក់ដែលបានក្អក និងកន្តាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Strait Times នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឱ្យដឹងថា ជើងហោះហើររបស់ខ្លួន គឺមានគោលដៅហោះហើរចេញពីទីក្រុងអ៊ីហ្គល (Eagle) នៃរដ្ឋខូឡូរ៉ាដូ (Colorado) ទៅកាន់ទីក្រុងណេវ៉ាក (Newark) រដ្ឋញូជើស៊ី (New Jersey) តែត្រូវបង្វែរគោលដៅហោះហើរកាលពីថ្ងៃអាទិត្យកន្លងទៅ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ឌែនវើ (Denver) វិញ។

យ៉ាងណាក៏ដោយយន្ដហោះខាងលើនេះ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅកាន់រដ្ឋ New Jersey បន្ទាប់ពីអ្នកដំណើរមួយក្រុមតូច ដែលមានភ័យខ្លាចឆ្លង COVID-19 ពីអ្នកដំណើរម្នាក់ដែលបានក្អក និងកន្តាសសុខចិត្តប្ដូរជើងហោះហើរ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន United Airlines អ្នកដំណើរម្នាក់ខាងលើដែលក្អក និងកណ្ដាស ត្រូវបានអនុញ្ញាតឱ្យបន្តជិះនៅលើយន្ដហោះដដែល ក្រោយត្រួតពិនិត្យឃើញថា រូបគេមានបញ្ហាអាលែកហ្ស៊ីតែប៉ុណ្ណោះ៕