(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានទទួលការធ្វើតេស្ដរកជំងឺ COVID-19 នោះទេ បើទោះជាលោកត្រូវបានគេអះអាងថា ធ្លាប់បានទាក់ទង ជិតស្និទ្ធជាមួយសមាជិកសភាអាមេរិកជាច្រើនរូប ដែលកំពុងអនុវត្តវិធានការស្នាក់នៅដាច់ដោយឡែកពីគេ ដោយសារតែធ្លាប់បាននៅក្បែរ មនុស្សមានផ្ទុកមេរោគនេះក៏ដោយ។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សេតវិមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតី មិនបានទទួលការធ្វើតេស្ដរក COVID-19 នោះទេ ពីព្រោះជាការពិតលោកមិនមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺណាម្នាក់នោះទេ ហើយក៏មិនមានរោគសញ្ញាគួរឱ្យសង្ស័យអ្វីនោះដែរ។ បច្ចុប្បន្នលោកប្រធានាធិបតីមានសុខភាពល្អធម្មតា ខណៈក្រុមគ្រូពេទ្យនឹងបន្តតាមដានសុខភាពរបស់លោក យ៉ាងយកចិត្តទុកដាក់ជាទីបំផុត»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់ត្រូវបានអ្នកព័ត៌មានសួរថា តើលោកបានទទួលការធ្វើតេស្ដរកជំងឺ COVID-19 ដែរឬក៏យ៉ាងណាផងដែរ ប៉ុន្តែលោកមិនបានឆ្លើយនឹងសំនួរនេះទេ ដោយដើរចេញពីបន្ទប់សន្និសីទសារព័ត៌មាន។ ចំណែកឯអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយថា លោកមិនដឹងពីបញ្ហានេះទេ ជាមួយការអះអាងបន្ថែមថា លោកផ្ទាល់ក៏មិនត្រូវបានធ្វើតេស្ដរកជំងឺនេះដូចគ្នា៕