(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក ហ្វ្រាំង រីស្ទឺរ (Franck Riester) ត្រូវបានគេរាយការណ៍ថាបានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 បន្ទាប់ពីបានជួបជាមួយសមាជិកសភាជាច្រើនរូប នៅឯសភាជាតិបារាំង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ដកស្រង់ផ្សាយដោយសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវា វែរ៉ង់ (Olivier Veran) បានប្រាប់ទូរទស្សន៍ BFM នៅថ្ងៃចន្ទសប្ដាហ៍នេះថាលោក Franck Riester កំពុងស្ថិតនៅក្នុងផ្ទះដោយមានស្ថានភាពសុខភាពប្រក្រតី។ បារាំងមានករណីឆ្លង COVID-19 ច្រើនជាង ១,២០០ករណី និងអ្នកជំងឺ ១៩នាក់បានស្លាប់។ ចំនួននេះបានធ្វើឱ្យបារាំង ក្លាយជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី។

មិនតែប៉ុណ្ណោះ នៅក្នុងចំណោមអ្នកឆ្លងទាំងអស់ ក៏មានសមាជិកសភាបារាំង ០៥រូបផងដែរ ហើយបើតាមប្រភពពីក្រសួងវប្បធម៌បារំាង លោក Franck Riester ទំនងជាបានឆ្លងវីរុស COVID-19 ពីសមាជិកសភាម្នាក់ក្នុងចំណោម ០៥រូបខាងលើ ខណៈមានសេចក្ដីរាយការណ៍ថា រដ្ឋមន្ត្រីវប្បធម៌រូបនេះធ្លាប់ជួបលោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង កាលពីប៉ុន្មានថ្ងៃមុនថែមទៀត៕