(រ៉ូម)៖ អាជ្ញាធរអ៉ីតាលីបានប្រកាសនាដើមសប្តាហ៍នេះថា ចំនួនអ្នកកំពុងផ្ទុកវីរុស COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះបច្ចុប្បន្ន បានកើនឡើងដល់ ៧,៩៨៥នាក់ហើយ ខណៈអ្នកជំងឺសរុប ៤៦៣នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ អ៉ីតាលីបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ១,៥៩៨ករណីបន្ថែមទៀតទើបធ្វើឲ្យចំនួនអ្នកជំងឺសរុប កើនឡើងដល់ ៧,៩៨៥នាក់ ប៉ុន្តែនៅថ្ងៃដដែលនោះអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ៩៧នាក់បន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៤៦៣នាក់ ជាតួលេខខ្ពស់់បំផុតលំដាប់លេខ ២ លើពិភពលោកបន្ទាប់ពីប្រទេសចិន។

ក្រៅពីចំនួនអ្នកឆ្លង និងស្លាប់ថ្មីៗទៀតនោះ អ្នកជាសះស្បើយវិញក៏មាន ១០២នាក់បន្ថែមទៀតដែរកាលពីថ្ងៃចន្ទ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 នៅអ៉ីតាលីកើនឡើងដល់ ៧២៤នាក់។

គួរបញ្ជាក់ថា ប្រទេសអ៉ីតាលីមិនធ្វើដូចប្រទេសផ្សេងៗទៀត ដោយបូកថែមករណីឆ្លងថ្មីៗ ចូលគ្នាជាបន្តបន្ទាប់នោះឡើយ។ អាជ្ញាធរអ៉ីតាលី តែងតែដកចំំនួនអ្នកស្លាប់ និងអ្នកជាសះស្បើយ ចេញពីករណីឆ្លងសរុបតែម្តង ប៉ុន្តែបើសិនជាគេធ្វើការបូកសរុបតួលេខ ដូចនៅប្រទេសដទៃៗទៀតនោះ ប្រទេសអ៉ីតាលីមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 សរុបរហូតដល់ទៅ ៩,១៧២ករណីឯណោះដោយនៅក្នុងនោះ ៤៦៣នាក់ស្លាប់, ៧២៤នាក់ជាសះស្បើយ និង ៧,៩៨៥នាក់កំពុងសម្រាកព្យាបាល៕