(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥៤៦នាក់ហើយ ដោយក្នុងនោះ២២នាក់បានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា មកទល់ពេលនេះ ជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ដោយក្នុងនោះរដ្ឋចុងក្រោយគេ រួមមានដូចជា Virginia, Connecticut និង Iowa ព្រមទាំងដែនកោះ Puerto Rico ដែល ជាដែនដីរបស់អាមេរិក ស្ថិតនៅឯតំបន់សមុទ្រការីបៀន ខណៈរដ្ឋដែលមានករណីឆ្លងច្រើនជាងគេ គឺ Washington, New York និង California។

រីឯក្នុងចំណោមអ្នកស្លាប់ទាំង២២នាក់ មាន១៩នាក់នៅរដ្ឋ Washington, ២នាក់នៅរដ្ឋ Florida និងម្នាក់នៅរដ្ឋ California៕