(ប៉េកាំង)៖ លោកស្រី Yu Yanhong ដែលជាអ្នកជំនាញផ្នែកឱសថបុរាណនៃគណៈកម្មការសុខាភិបាលជាតិចិន នាថ្ងៃចន្ទនេះ បានឲ្យដឹងថា ការព្យាបាលដោយប្រើប្រាស់ឱសថបុរាណចិន (TCM) និងថ្នាំពេទ្យសម័យបច្ចុប្បន្នរបស់ប្រទេសលោកខាងលិចរួមបញ្ចូលគ្នា បានជួយអ្នកជំងឺភាគច្រើន ក្នុងចំណោមអ្នកជំងឺ COVID-19 ទាំងជាង៥០,០០០នាក់នៅក្នុងប្រទេសចិន ឲ្យជាសះស្បើយឡើងវិញ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

យោងតាមក្រុមអ្នកជំនាញចិន នៅពេលប្រៀបធៀបជាមួយការព្យាបាលដោយប្រើតែឱសថបុរាណចិនតែឯង ឬក៏ថ្នាំពេទ្យសម័យ ទំនើបតែឯងនោះ ពួកគេទទួលបានលទ្ធផលថា វិធីសាស្រ្តព្យាបាលរួមបញ្ចូលរវាងថ្នាំទាំងពីរប្រភេទ អាចជួយគ្រប់គ្រងឆាប់រហ័ស លើរោគសញ្ញារបស់ជំងឺ COVID-19 ដូចជា គ្រុន ក្អក និងល្ហិតល្ហៃ ជាដើម។ ម៉្យាងវិញទៀត ការព្យាបាលបែបនេះ ក៏បានជួយកាត់ បន្ថយឱកាសនៃការប្រែក្លាយពីរោគសញ្ញាបង្គួរឬធម្មតា ទៅជារោគសញ្ញាធ្ងន់ធ្ងរផងដែរ ហើយជាលទ្ធផលវាជួយធ្វើឲ្យស្ថានភាពអ្នកជំងឺ ឆាប់វិលទៅរកភាពប្រសើរឡើងវិញ និងបន្ថយអត្រាមរណៈនៃជំងឺ COVID-19។

គួរជម្រាបថា មកទល់ឥឡូវ អ្នកជំងឺ COVID-19 សរុប៥៨,៦០០នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ នៅក្នុងប្រទេសចិន។ បើតាមតួលេខរបស់អាជ្ញាធរសុខាភិបាលចិន ឱសថបុរាណចិន ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺ៧៤,៦០៣នាក់ ដែលស្មើ នឹង៩២.៥ភាគរយនៃករណីឆ្លងសរុបនៅទូទាំងប្រទេសចិន៕