(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់នាថ្ងៃចន្ទនេះបានប្រកាសថា ការផ្ទុះរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសមជ្ឈិមបូព៌ា មួយនេះ បានឆ្លងដល់មនុស្សសរុប៧,១៦១នាក់ ដោយក្នុងនោះ២៣៧នាក់បានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលអ៉ីរ៉ង់ តំបន់ដែលមានករណីច្រើនជាងគេបង្អស់ គឺរដ្ឋធានីតេហេរ៉ង់ផ្ទាល់តែម្តង ដែល មានចំនួនអ្នកឆ្លង១,៩៤៥នាក់ ហើយបន្ទាប់មកគឺទីក្រុង Qom ដែលមាន៧១២ករណី និងខេត្ត Mazandaran ដែលមានករណីឆ្លង ចំនួន៦៣៣ករណី។ ចំណែកក្នុងចំណោមអ្នកបាត់បង់ជីវិត ក៏មានទីប្រឹក្សាម្នាក់របស់រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ និងសមាជិកសភាអ៉ីរ៉ង់ ម្នាក់ផងដែរ។

គួរជម្រាបថា អ៉ីរ៉ង់បានប្រកាសពីការរកឃើញករណីឆ្លងដំបូងនៃ COVID-19 កាលពីថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុង Qom៕