(ហាណូយ)៖ អាជ្ញាធរវៀតណាមបានព្រមាននៅថ្ងៃចន្ទនេះថា នរណាក៏ដោយដែលហ៊ានលាក់បាំង អំពីការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះនឹងត្រូវប្រឈមមុខចំពោះច្បាប់ ខណៈទីក្រុងហាណូយបានជ្រួលច្របល់ ដោយសារតែប្រជាជនធ្វើការសម្រុកទិញទំនិញនៅតាមហាង និងទីផ្សារនានា ក្រោយពីបានលឺដំណឹងថា មនុស្ស ១៣នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19 នៅលើជើងហោះហើរ ដែលបានចុះចតនៅរដ្ឋធានីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាយប់ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

កន្លងមកនេះប្រទេសវៀតណាមបានប្រកាស ពីការរកឃើញអ្នកជំងឺឆ្លង COVID-19 ចំនួនតែ ១៦ករណីតែប៉ុណ្ណោះ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលពួកគេ ឲ្យជាសះស្បើយទាំងស្រុងផងដែរ ប៉ុន្តែមានការរកឃើញបន្ថែមទៀតនូវអ្នក COVID-19 នៅលើយន្តហោះដឹកអ្នកដំណើរ ២០១នាក់ពីចក្រភពអង់គ្លេស មកកាន់ទីក្រុងហាណូយ ដែលនាំឲ្យមហាជនមានការភ្ញាក់ផ្អើល និងភ័យខ្លាច។

ក្រុមមនុស្សទាំងអស់ដែលមានជាប់ពាក់ព័ន្ធ ទៅនឹងករណីថ្មីៗទាំង ១៣ នៅលើជើងហោះហើរមកពីអង់គ្លេសខាងលើនេះ កំពុងតែស្ថិតនៅក្នុងការដាក់ឲ្យនៅដាច់ពីគេឯង នៅក្នុងមន្ទីរពេទ្យ លំនៅឋាន និងសណ្ឋាគារមួយចំនួននៅទីក្រុងហាណូយដែលអ្នកឆ្លង COVID-19 ធ្លាប់ស្នាក់នៅ ដើម្បីពិនិត្យសុខភាពជាបន្តបន្ទាប់។

ជុំវិញបញ្ហាខាងលើ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានប្រកាសនៅថ្ងៃចន្ទនេះតែម្តងថា អាជ្ញាធរនឹងដាក់ទោសបណ្តាអ្នកពាក់ព័ន្ធ ដែលបានលាក់បាំងព័ត៌មាន ឬមិនព្រមរាយការណ៍អំពីការរកឃើញអ្នកផ្ទុក COVID-19 ក្រោយការធ្វើរោគវិនិច្ឆ័យ។ នៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវការវិធានការរឹងមាំគ្រប់គ្រាន់ និងជាបន្ទាន់ ដើម្បីបញ្ឈប់ប្រភពនៃការចម្លងរោគ»។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ពីការរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួនម្នាក់ទៀត ដែលវាជាករណីទី ១៧ នៅក្នុងប្រទេសអាស៊ានមួយនេះ។ អ្នកផ្ទុក COVID-19 ថ្មីដែលត្រូវបានរកឃើញនោះ គឺជាស្ត្រីជនជាតិវៀតណាមវ័យ ២៦ឆ្នាំ ដែលទើបមកពីសួរសុខទុក្ខបងប្អូននៅអង់គ្លេស រួចបន្ទាប់មកនាងក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី និងបារាំងផងដែរ ហើយទើបបកត្រឡប់មកកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាមវិញ។

ស្ត្រីវ័យ ២៦ឆ្នាំខាងលើនេះត្រូវបានគេសង្ស័យថា បានចម្លងមេរោគទៅដល់មីងរបស់នាង ព្រមទាំងតៃកុងឡានផងដែរ ដែលបានបង្ខំឲ្យអាជ្ញាធរទីក្រុងហាណូយធ្វើការបិទលំនៅឋាន សណ្ឋាគារ និងមន្ទីរពេទ្យឯកជនមួយ ដែលធ្លាប់ទទួលស្វាគមន៍នាងឲ្យស្នាក់នៅ និងពិនិត្យសុខភាព។ សម្រាប់អ្នកដែលត្រូវបានរកឃើញថា មានផ្ទុក COVID-19 នៅលើជើងហោះហើរខាងលើនេះដែរនោះ គឺជាជនជាតិវៀតណាម អង់គ្លេស អៀរឡង់ និងម៉ិចស៊ីកូ ដែលសរុបទាំងអស់ ១៣នាក់។

ដោយឡែកមន្ត្រីជាន់ខ្ពស់វៀតណាមមួយរូប (មិនបញ្ជាក់ឈ្មោះ និងស្ថាប័ន) ដែលស្ថិតនៅលើយន្តហោះនោះដែរ ក៏ត្រូវបានធ្វើតេស្តរកវីរុសផងដែរ ប៉ុន្តែចេញលទ្ធផលអវិជ្ជមាន។ ទោះជាបែបនេះក្តី មន្ត្រីរូបនេះត្រូវស្ថិតនៅក្នុង ការតាមដានរយៈពេល ១៤ថ្ងៃទៀត។ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ករណីដែលត្រូវបានរកឃើញថ្មីៗនេះ គឺសុទ្ធតែជាមនុស្សដែលបានជិតស្និទ្ធ ទៅនឹងស្ត្រីវៀតណាមវ័យ ២៦ឆ្នាំខាងលើ។

គួរបញ្ជាក់ថា ការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅវៀតណាម កើនឡើងដល់ ៣០ករណី។ អ្វីដែលគួរឲ្យកត់សម្គាល់ គ្រាន់តែបានឃើញសកម្មភាពបិទមន្ទីរពេទ្យ សណ្ឋាគារ និងលំនៅឋានមួយចំនួននោះ ប្រជាជននៅក្នុងទីក្រុងហាណូយមានការតក់ស្លុត និងសម្រុកទិញទំនិញពីហាង ព្រមទាំងទីផ្សារដោយសារតែខ្លាចការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះកាន់តែខ្លាំង។ ជុំវិញករណីនេះមានការចោទប្រកាន់ថា ព័ត៌មានអំពីការឆ្លងវីរុសថ្មី ត្រូវបានលាក់បាំង៕