(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិក ០២រូបនៃបក្សសាធារណរដ្ឋគឺលោក ផូល ហ្គោសារ (Paul Gosar) ដែលជាសមាជិកសភាតំណាងរាស្រ្ត និងលោក ថេដ គ្រូស (Ted Cruz) ដែលជាសមាជិកព្រឹទ្ធសភាបាននិយាយថា អ្នកទាំងពីរនឹងអនុវត្តវិធានការ នៅដាច់ដោយឡែកពីគេដោយខ្លួនឯង បន្ទាប់ពីធ្លាប់បានធ្វើការប្រាស្រ័យទាក់ទង ជាមួយមនុស្សម្នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុក COVID-19 ក្នុងសន្និសីទមួយ​ដែលបានធ្វើឡើងកាលពីចុងខែកុម្ភៈ ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

លោក Gosar និង លោក Cruz ស្ថិតក្នុងចំណោមអ្នកនយោបាយ និងសកម្មជនអាមេរិកជាច្រើនរូបដែលបានទៅជួបជុំគ្នា នៅក្នុងសន្និសីទនយោបាយប្រចាំឆ្នាំមួយហៅថា Conservative Political Action Conference (CPAC) ដែលរៀបចំឡើងនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែកុម្ភៈ កន្លងទៅនេះ។ លោក Gosar បានប្រាប់ថា លោកនឹងនឹងស្នាក់នៅក្នុងផ្ទះ ដែលស្ថិតក្នុងរដ្ឋ អារីហ្សូណា (Arizona) រហូតរយៈពេល ១៤ថ្ងៃ ក្រោយពីបានប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានផ្ទុក COVID-19 ហើយសម្រាប់លោក Cruz វិញក៏បានបញ្ជាក់ថា លោកនឹងស្នាក់នៅក្នុងផ្ទះក្នុងរដ្ឋ តិចសាស់ (Texas) ដូចគ្នាផងដែរ។

គួរជម្រាបថា សន្និសីទខាងលើក៏មានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក ម៉ៃក៍ ភែន (Mike Pence) ថែមទៀតផង។ ដោយឡែកពាក់ព័ន្ធនឹងសន្និសីទមួយផ្សេងទៀត ដែលប្រព្រឹត្តទៅកាលពីដើមខែមីនានេះ ក៏មានអ្នកចូលរួមពីរនាក់ ត្រូវបានធ្វើតេស្តរកឃើញ COVID-19 ផងដែរ ដោយសន្និសីទនោះមានការចូលរួមពីសំណាក់លោក Pence និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ជាដើម។

បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ ៥២១ករណី ក្នុងនោះ ២១នាក់បាត់បង់ជីវិត៕