(ប៉េកាំង)៖ ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន នឹងអាចមើលឃើញនូវការធ្លាក់ចុះអ្នកឆ្លងមេរោគ COVID-19 ថ្មីៗដល់កម្រិត «សូន្យ» តែម្តងនាចុងខែមីនា ឆ្នាំ២០២០។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីរបស់មន្ត្រីជំនាញចិនមួយរូប ដែលស្ថិតនៅក្នុងស្ថាប័នជួរមុខរបស់ចិន ក្នុងការទប់ស្កាត់ការឆ្លង និងរីកដាលនៃមេរោគ COVID-19។

បើតាមតួលេខដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍នោះ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ មានអ្នកឆ្លងមេរោគ COVID-19 ថ្មីៗចំនួនតែ ១៣៩នាក់ប៉ុណ្ណោះ នៅទូទាំងប្រទសចិន ហើយនៅប៉ុន្មានថ្ងៃមុន គឺនៅថ្ងៃចន្ទ និងអង្គារដើមសប្តាហ៍នេះ អត្រាឆ្លងថ្មីៗបានបង្ហាញសញ្ញាធ្លាក់ចុះខ្លាំងរួចទៅហើយ។ ការធ្លាក់ចុះនេះ គឺបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាល នៅក្នុងទីក្រុងវូហានផ្ទាល់ ដែលជាចំណុចស្នូលនៃការចម្លងជំងឺនេះ ទៅកាន់បណ្តាខេត្ត ទីក្រុង និងតំបន់នានាទូទាំងចិនដីគោក។

បើតាមប្រភពខាងលើនេះ គ្រប់តំបន់ទាំងអស់នៅក្នុងខេត្តហ៊ូប៉ី និងទីក្រុងវូហានផងដែរ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការរុញខ្ទប់មេរោគ COVID-19 ឲ្យដល់ទីបញ្ចប់តែម្តងនៅចុងខែមីនានេះ។ ប្រទេសចិនបានបង្ហាញចេញ នូវភាពសកម្មយ៉ាងខ្លាំងក្លាបំផុត នៅក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លង COVID-19 ដែលត្រូវបានគេជឿជាក់ថា មានប្រភពដើមបំផុត ចេញពីទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ី។

គួរបញ្ជាក់ថា ទីក្រុងវូហានត្រូវបានបិទទ្វារ ក្រោយការផ្ទុះ COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយការធ្វើដំណើរនានាត្រូវបានរឹតត្បិត ខណៈមន្ទីរពេទ្យធំៗត្រូវបានកសាងឡើង និងពេទ្យយោធារាប់ពាន់នាក់ត្រូវបានដាក់ពង្រាយទៅខេត្តហ៊ូប៉ីទាំងមូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាបន្តបន្ទាប់។ ប្រទេសចិនក៏បាន សហការដោយបើកចំហផងដែរ ជាមួយក្រុមជំនាញវេជ្ជសាស្ត្រអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក WHO ជាដើម៕