(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់នាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ចំនួនករណីអ្នកដែលបានឆ្លងជំងឺ COVID-19 នៅ ក្នុងប្រទេសខ្លួន គឺកើនដល់៣៤៩នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

គិតត្រឹមវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៊ែរឡាំង) អ្នកឆ្លងជំងឺ COVID-19 សរុប៣៤៩នាក់ ត្រូវបានរកឃើញនៅក្នុង រដ្ឋសហព័ន្ធចំនួន១៥ ក្នុងចំណោមរដ្ឋសហព័ន្ធទាំង១៦ នៃប្រទេសអាល្លឺម៉ង់ ដែលវាជាការកើនឡើងដល់ទៅជាង១០០ករណីក្នុង ពេលត្រឹមតែមួយថ្ងៃ។ កាលពីព្រឹកថ្ងៃពុធម្សិលមិញតួលេខអ្នកឆ្លង COVID-19 នៅអាល្លឺម៉ង់ គឺ២៤០នាក់ ហើយនៅពេលរសៀល បានកើនដល់ត្រឹម២៦២នាក់ប៉ុណ្ណោះ។

គួរជម្រាបថា រដ្ឋដែលមានករណីច្រើនជាងគេ គឺ North Rhine-Westphalia នៅភាគខាងលិចអាល្លឺម៉ង់ ដែលមានប្រជាជនរស់នៅ ច្រើនជាងគេ។ រដ្ឋ North Rhine-Westphalia មានករណីឆ្លង COVID-19 នេះ ដល់ទៅ១៧៥ករណី៕