(អាហ្រ្វិកខាងត្បូង)៖ ប្រទេសអាហ្រ្វិកខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីដំបូងនៃអ្នកឆ្លង COVID-19 គឺជនជាតិខ្លួនម្នាក់ដែលទើបត្រឡប់មកពីប្រទេសអ៉ីតាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូងបានប្រកាសថា លទ្ធផលធ្វើតេស្តលើករណីសង្ស័យមួយនៃអ្នកឆ្លងជំងឺ COVID-19 ដោយ វិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅក្នុងប្រទេសរបស់ខ្លួន បានចេញមកវិជ្ជមាន។ អ្នកជំងឺម្នាក់នោះ គឺជាបុរសអាយុ៣៨ឆ្នាំ និង ជាជនជាតិអាហ្រ្វិកខាងត្បូងផ្ទាល់ ដែលទើបតែត្រឡប់ពីអ៉ីតាលី មកដល់ប្រទេសខ្លួនវិញ កាលពីថ្ងៃទី០១ ខែមីនា។

គួរជម្រាបថា ប្រទេសមួយចំនួនទៀតនៅទ្វីបអាហ្រ្វិក ដែលមានការរកឃើញអ្នកឆ្លងជំងឺ COVID-19 រួមមានដូចជា អាល់ហ្សេរី អេហ្ស៊ីប នីហ្សេរីយ៉ា សេនីហ្គាល់ ម៉ារ៉ុក និងទុយនេស៊ី ជាដើម៕