(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសបង្កើត «តំបន់ថែទាំពិសេសមួយ» នៅជុំវិញទីក្រុងគ្យុងសាន (Gyeongsan) ខណៈចំនួនអ្នកឆ្លងមេរោគ COVID-19 កើនឡើងលើស ៦,០០០ករណី ក្នុងនោះអ្នកជំងឺ ៤០នាក់ហើយបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

នៅថ្ងៃព្រហស្បតិ៍នេះដែរ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញការឆ្លងថ្មី ៧៦០ករណី ដោយធ្វើឱ្យអ្នកសរុបនៅទូទាំងប្រទេសកើនដល់ ៦,០៨៨នាក់ រីឯមនុស្សបាត់បង់ជីវិតបានកើនដល់ ៤០នាក់ ក្រោយអ្នកជំងឺ ០៨នាក់បន្ថែមទៀតបានស្លាប់។ ដូច្នេះជាវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19 រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្កើត «តំបន់ថែទាំពិសេសមួយ» នៅជុំវិញទីក្រុង Gyeongsan ដែលមានប្រជាជនរស់នៅ ២៧៥,០០០នាក់ និងស្ថិតនៅចំងាយ ២៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ជាមួយការសន្យាថានឹងផ្ដល់ជូនជំនួយបន្ថែម ក្នុងនោះរួមមានទាំងម៉ាសជាដើម។

គួរបញ្ជាក់ថា ក្រៅពីទីក្រុង Gyeongsan រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបង្កើត «តំបន់តំបន់ថែទាំងពិសេស» នៅជុំវិញទីក្រុងដេគូ (Daegu) និងតំបន់ឆុងទូ (Cheongdo) ផងដែរ៕