(ក្រិក)៖ អាជ្ញាធរសុខាភិបាលក្រិក បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ទី១០ ក្នុងប្រទេសរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ លើមនុស្សម្នាក់ ដែលធ្លាប់បាន ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប នាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

ប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងនៃ COVID-19 អាជ្ញាធរក្រិក កាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាឲ្យបិទសាលារៀនទាំងអស់ និងហាមឃាត់ការជួបជុំសាធារណៈ នៅក្នុងតំបន់ចំនួន ៣ នៅភាគខាងលិចប្រទេស ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះតទៅ ជាវិធានការទប់ស្កាត់ និងបង្ការ។ ការចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពី មានបុរសម្នាក់ ត្រូវបានគេរកឃើញថាមានផ្ទុកជំងឺ COVID-19។

គួរជម្រាបថា បុគ្គលមានផ្ទុកជំងឺខាងលើនេះ នាពេលថ្មីៗនេះបានត្រលប់មកពីធ្វើធម្មយាត្រាបែបសាសនា នៅឯប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប។ យ៉ាងណាមិញ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ការហាមឃាត់នេះចូលជាធរមានសម្រាប់តែរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ ហើយបន្ទាប់ពីនោះនឹងត្រូវពិនិត្យមើលឡើងវិញ៕