(រ៉ូម)៖ អង្គការ UNESCO បានឱ្យដឹងថា សិស្ស-និស្សិត ជិត៣០០លាននាក់ នឹងត្រូវស្ថិតនៅក្នុងផ្ទះជាច្រើនសប្ដាហ៍ ដោយមិនអាចទៅសាលារៀន ឬសាកលវិទ្យាល័យរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្ដាប្រទេសមួយចំនួន ប្រកាសបិទថ្នាក់រៀន ជាវិធានការមួយដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

បើតាមអង្គការ UNESCO ខណៈ COVID-19 រីករាលដាលកាន់តែខ្លាំង បណ្ដាប្រទេសជាច្រើនបានចាត់វិធានការពិសេសៗ ក្នុងនោះរួមទាំងការ បិទសាលារៀនជាបណ្ដោះអាសន្ន ដោយគ្រាន់តែកាលពីថ្ងៃពុធ ប្រទេសចំនួន១៣ បានដាក់ចេញនូវវិធានការបែបនេះ ដែលអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់សិស្ស-និស្សិត ២៩០,៥លាននាក់ នៅទូទាំងពិភពលោក ស្របពេលប្រទេស៩ផ្សេងទៀត កំពុងអនុវត្តវិធានការបិទសាលារៀន ត្រឹមថ្នាក់តំបន់។

គួរជម្រាបថា មនុស្សច្រើនជាង ៩៥,០០០នាក់ហើយ បានឆ្លង និងច្រើនជាង ៣,២០០នាក់ ទៀតស្លាប់ នៅទូទាំងពិភពលោក ដោយសារជំងឺ COVID-19 ដែលបានរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង ៨០ នៅក្រៅប្រទេសចិន។ ប្រឈមមុខនឹង COVID-19 រដ្ឋាភិបាលអ៉ីតាលី បានសម្រេចចិត្តបិទសាលា និងសាកលវិទ្យាល័យទាំងអស់ នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែមីនា ហើយកូរ៉េខាងត្បូង ជប៉ុន និងបារាំង ជាដើម ក៏បានប្រកាសពីការបិទថ្នាក់រៀនផងដែរ៕