(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង ទើបតែចេញមុខរិះគន់ធ្ងន់ៗ លើខ្សែភាពយន្តមួយចំនួនរបស់កូរ៉េខាងត្បូង ដោយចោទថា ទស្សនីយភាពទាំងនោះបានបង្ហាញពីកូរ៉េខាងជើង ក្នុងផ្លូវអាក្រក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឈ្មោះ យូរីមីណហ្សូកគីរី (The Uriminzokkiri) មិនបានលើកឡើងនូវឈ្មោះខ្សែភាពយន្តណាមួយឲ្យចំៗឡើយ ប៉ុន្តែបើតាមការយល់ឃើញរបស់កូរ៉េខាងត្បូង តាមមើលទៅការរិះគន់នោះ ទំនងជាចង់សំដៅទៅលើភាពយន្តភាគថ្មីមានចំណងជើងថា Crash Landing on You និងភាពយន្តខ្នាតធំហៅថា Ashfall។

សម្រាប់សាច់រឿងនៃខ្សែភាពយន្តខ្នាតធំរបស់កូរ៉េខាងត្បូង Ashfall គឺផ្តោតសំខាន់ជុំវិញភ្នំ ផេកទូ (Paektu) ដែលជាភ្នំភ្លើងមិនសកម្មមួយ នៅកូរ៉េខាងជើង ហើយក៏ជាកន្លែងដ៏ពិសេសក្នុងវប្បធម៌របស់កូរ៉េទាំងពីរផងដែរ។ ក្នុងភាពយន្តនោះ ភ្នំផេកទូស្រាប់តែផ្ទុះឡើង ហើយបង្កទៅជាគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ នៅលើឧបទ្វីបកូរ៉េទាំងមូល ខណៈមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់វា គឺលួចគ្រាប់បែកបរិមាណូពីកូរ៉េខាងជើង ហើយទម្លាក់ចូលទៅក្នុងមាត់ភ្នំភ្លើងនោះ។

សម្រាប់សាច់រឿងនៃខ្សែភាពយន្តភាគ Crash Landing on You វិញ បែបមានលក្ខណៈបែបស្នេហានិងកំប្លែង គឺនិយាយពីនារីកូន អ្នកមានម្នាក់នៅកូរ៉េខាងត្បូង បានធ្លាក់ចូលទៅក្នុងព្រំដែនរបស់កូរ៉េខាងជើង ពេលលោតឆ័ត្រកម្សាន្ត ហើយនាងត្រូវជួយសង្រ្គោះ ដោយបុរសជាទាហានកូរ៉េខាងជើងម្នាក់។ ក្នុងភាពយន្តភាគនោះ កូរ៉េខាងជើងត្រូវបានបង្ហាញ ក្នុងលក្ខណៈជាប្រទេសមិនសូវមានការអភិវឌ្ឍ ដែលប្រជាជនភាគច្រើនរងទុក្ខលំបាក ខណៈពួកអ្នកមានៗមានជីវិតរស់នៅ យ៉ាងសប្បាយរីករាយបំផុត។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលទីក្រុងព្យុងយ៉ាងមិនសប្បាយចិត្ត ចំពោះខ្សែភាពយន្ត។ កាលពីឆ្នាំ២០១៤ កូរ៉េខាងជើងមានការខឹងសម្បារជាខ្លាំងចំពោះខ្សែភាពយន្តហូលីវូដបែបកំប្លែង The Interview ដែលក្នុងនោះលោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត។ កាលនោះក៏មានការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាលើក្រុមហ៊ុន Sony Pictures ដែលជាអ្នកផលិតភាពយន្តនោះផងដែរ ដោយគេជឿជាក់ថា ជាស្នាដៃរបស់កូរ៉េខាងជើង៕